Mosquera កំពុងចូលរួមដំណើរទេសចរណ៍ប្រកួតមិត្តភាពជាមួយ Arsenal

23-Jul-2025
53

Cristhian Mosquera កំពុងហោះហើរទៅកាន់ប្រទេសសិង្ហបុរី ដើម្បីចូលរួមជាមួយ Arsenal ក្នុងដំណើរទេសចរណ៍ប្រកួតមិត្តភាព មុនបើករដូវកាល បន្ទាប់ពី Valencia បានយល់ព្រមលើការចូលរួមនេះ។ ខណៈដែលក្រុមកាំភ្លើងធំខិតកាន់តែជិតក្នុងការបញ្ចប់កិច្ចព្រមព្រៀង សម្រាប់ខ្សែការពាររបស់ Valencia រូបនេះ។

ខ្សែការពារសញ្ជាតិអេស្បាញវ័យ ២១ឆ្នាំ បានយល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយក្រុមកាំភ្លើងធំ ហើយត្រូវបានគេរំពឹងថា នឹងពង្រឹងតំបន់ការពារតាមពីក្រោយវត្តមាន William Saliba និង Gabriel Magalhães។ 

Mosquera អាចលេងបានទាំងខ្សែការពារកណ្តាល និងខ្សែការពារស្តាំ ហើយនឹងបំពេញចន្លោះនៅក្នុងក្រុមដែលខ្វះខាតបន្ទាប់ពីការចាកចេញរបស់ Takehiro Tomiyasu ដែលយល់ព្រមបញ្ចប់កិច្ចសន្យាដោយខ្លួនឯង។ 

Mosquera បានបង្ហាញខ្លួន ៩០ប្រកួត សម្រាប់ Valencia និងមានវត្តមានប្រកួតធម្មតាពេញមួយរដូវកាលមុន ដោយលេងពេញ ៣៧ប្រកួតក្នុងចំណោម ៣៨ប្រកួតនៅ La Liga សម្រាប់ក្លឹប។

Arsenal ត្រូវជួប AC Milan នៅសិង្ហបុរីក្នុងពហុកីឡដ្ឋានជាតិនៅថ្ងៃពុធ មុនពេលជួប Newcastle នៅទីលានដូចគ្នា នៅថ្ងៃអាទិត្យ។ បន្ទាប់មកពួកគេធ្វើដំណើរទៅកាន់ទីក្រុងហុងកុង ដើម្បីប្រកួតជាមួយ Tottenham Hotspur មុនពេលត្រឡប់ទៅទីក្រុងឡុងដ៍វិញ៕

បញ្ចេញមតិ

អត្ថបទទាក់ទង