Isak កំពុងហ្វឹកហាត់នៅក្លឹបចាស់ Real Sociedad

01-Aug-2025
42

Alexander Isak កំពុងហ្វឹកហាត់តែម្នាក់ឯង នៅអតីតក្លឹប Real Sociedad ចំពេលដែលមានភាពមិនច្បាស់លាស់ ជុំវិញអនាគតរបស់គាត់នៅ Newcastle United។

ខ្សែ​ប្រយុទ្ធ​ស៊ុយអែត​ ដែលមិនចូលរួមជាមួយក្រុម Newcastle ទេ​ សម្រាប់​ការ​ប្រ​កួត​មិត្តភាពមុន​បើក​រដូវ​កាល​នៅ​អាស៊ី ដោយ​ក្លឹប​បាន​និយាយ​ថា ​គាត់​មាន​បញ្ហា​របួសភ្លៅតិចតួច។ ខណៈ​ Isak ចង់ស្វែងរកឱកាសផ្លាស់ប្តូរចេញពី Newcastle ដោយ Liverpool ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើអតីតខ្សែប្រយុទ្ធ Borussia Dortmund រូបនេះ។ 

កីឡាករវ័យ ២៥ឆ្នាំ​ បានចូលរួមជាមួយ Newcastle ក្នុងតម្លៃផ្ទេរ​ ៦០លានផោន ពីក្លឹប Real Sociedad របស់ La Liga ក្នុងឆ្នាំ២០២២។

ប្រភពបានបញ្ជាក់ថា Isak កំពុងប្រើប្រាស់កន្លែងហ្វឹកហាត់របស់ក្លឹបអេស្ប៉ាញ ប៉ុន្តែមិនបានហ្វឹកហាត់ជាមួយក្រុមទេ។​ គេយល់ថា គាត់បានស្នើសុំឱ្យប្រើប្រាស់សម្ភារៈបរិក្ខារ ហើយក្លឹបក៏រីករាយនឹងអនុញ្ញាតឱ្យគាត់ប្រើប្រាស់នៅក្រៅម៉ោងហ្វឹកហាត់ក្រុមដំបូងផងដែរ។

Newcastle បានបដិសេធមិនធ្វើការអត្ថាធិប្បាយអ្វីទាំងអស់ ទាក់ទងនឹងរឿងនេះ។ យ៉ាងណាមិញ​ គ្រូបង្វឹកលោក Eddie Howe បាននិយាយកាលពីដើមសប្តាហ៍នេះថា ក្លឹបមិនទាន់ទទួលបានការដេញថ្លៃពីក្លឹបណាមួយសម្រាប់ខ្សែប្រយុទ្ធរូបនេះ នៅឡើយទេ៕

បញ្ចេញមតិ

អត្ថបទទាក់ទង