អតីតយុវជនថ្នាលរបស់ Norwich កីឡាករ Jonathan Rowe ដែលបានជួយក្រុមតោស្ទាវឈ្នះជើងឯក European Championship នៅឆ្នាំ២០២៥ បានផ្លាស់ទៅបារាំងកាលពីរដូវក្តៅមុនតែប៉ុណ្ណោះ។ កិច្ចព្រមព្រៀងអចិន្ត្រៃយ៍មួយត្រូវបានបញ្ចប់បន្ទាប់ពីកិច្ចសន្យាខ្ចីជើងដំបូង។
ទោះជាយ៉ាងណាក៏ដោយ ក្លិប Marseille ត្រូវបានគេរាយការណ៍ថាបានបើកចំហសម្រាប់ការផ្តល់ជូនបន្ទាប់ពីបានបំពេញកាតព្វកិច្ចទិញដាច់។ កីឡាករ Rowe បានបង្ហាញខ្លួន ៣០ ប្រកួតសម្រាប់ Marseille ក្នុងគ្រប់កម្មវិធីប្រកួតទាំងអស់កាលពីរដូវកាលមុន ដោយរកបាន ៣ គ្រាប់ និង assist ៤ លើក។
គាត់បានលេងជាមួយមិត្តរួមជាតិ Greenwood ដែលជាអតីតខ្សែប្រយុទ្ធ Manchester United ដែលបានឈ្នះពាន Ligue 1 Golden Boot ជាមួយនឹងតារាឆ្នើម Ousmane Dembele របស់ Paris Saint-Germain បន្ទាប់ពីរកបាន ២១ គ្រាប់ក្នុងលីគកំពូលបារាំង។
អ្នកកាសែត RMC Sport លោក Fabrice Hawkins អះអាងថា Marseille បានបើកចំហក្នុងការចែកផ្លូវជាមួយ Rowe ប្រសិនបើមានការផ្តល់ជូនសមរម្យសម្រាប់ខ្សែបម្រើស្លាបវ័យ ២២ ឆ្នាំរូបនេះ។ គាត់ត្រូវបានគេចាត់ទុកថាអាចលក់ចេញបាន ខណៈដែលលោក Roberto De Zerbi កំពុងរៀបចំផែនការសម្រាប់រដូវកាល ២០២៥-២៦។
គេអះអាងថាក្លិបយក្សតួកគី Besiktas និង Fenerbahce កំពុងបង្ហាញការចាប់អារម្មណ៍លើ Rowe។ ប្រសិនបើការផ្លាស់ប្តូរទៅក្លិបក្រោយកើតឡើង ខ្សែប្រយុទ្ធដ៏មានទេពកោសល្យរូបនេះនឹងបានជួបជាមួយអតីតគ្រូបង្វឹក Chelsea និង Manchester United លោក Jose Mourinho នៅ Istanbul៕